សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខមួយក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ មានមោទកភាពយ៉ាងក្រៃលែងក្នុងការរៀបចំ«សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីកុមារកម្ពុជា»ក្នុងគោលបំណងផ្តោតលើការផ្តល់ជំនួយ និងឱកាសដល់កុមារកម្ពុជាដែលត្រូវការជំនួយនៅទូទាំងប្រទេសកម្ពុជា។
ក្នុងនាមជាស្ថាប័នដែលមានទំនួលខុសត្រូវសង្គម (CSR) សុវណ្ណាភូមិ ឡាយហ្វ៍ ជឿជាក់យ៉ាងមុតមាំថា ការចូលរួមឧបត្ថម្ភ កុំព្យូទ័រលើតុចំនួន ២ គ្រឿង និងម៉ាស៊ីនព្រីនចំនួន ១ គ្រឿង ទៅកាន់សាលាបឋមសិក្សា ភូមិអូរ នៅខេត្តសៀមរាប នឹងជួយសម្រួលដល់កិច្ចការងាររបស់លោកគ្រូអ្នកគ្រូឱ្យកាន់តែមានភាពងាយស្រួល និងបង្កើនផលិតភាព ការងារ ឱ្យកាន់តែប្រសើរ។ បន្ថែមលើសពីនេះ សុវណ្ណាភូមិ ឡាយហ្វ៍ បានផ្តល់សម្ភារសិក្សាមួយចំនួនដល់ប្អូនៗ សិស្សានុសិស្សចំនួន ៤៩៦ នាក់ ឆត្រធំចំនួន ៣ ឈុត និងសម្ភារប្រើប្រាស់មួយចំនួនសម្រាប់លោកគ្រូអ្នកគ្រូចំនួន ១៩ នាក់ផងដែរ។
ក្រោមការផ្តួចផ្តើមនេះ ក្រុមហ៊ុនបានប្តេជ្ញាចិត្តគាំទ្រកម្មវិធី ដែលផ្តល់អត្ថប្រយោជន៍ដល់កុមារកម្ពុជា និងសាលារៀន។ ជាមួយគ្នានេះផងដែរ ការឧបត្ថម្ភដល់សាលាបឋមសិក្សាភូមិអូរ បានប្រព្រឹត្តឡើងដោយមានការគាំទ្រ ដោយមូលនិធិនៃព្រឹត្តិការណ៍សប្បុរសធម៌ប្រចាំឆ្នាំរបស់សុវណ្ណាភូមិ ឡាយហ្វ៍ ក្រោមប្រធានបទ «ជិះកង់ដើម្បីជួយកុមារកម្ពុជា» នៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងស្វែងរកមូលនិធិក្នុងការជួយដល់កុមារកម្ពុជាដែលកំពុងខ្វះខាត។
លោក ហុង ប៊ុនថន នាយកសាលាបឋមសិក្សាភូមិអូរ បានមានប្រសាសន៍ថា៖: “«ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណចំពោះ សុវណ្ណាភូមិ ឡាយហ្វ៍ ដែលបានចូលរួមចំណែកក្នុងការជួយដូចជា សម្ភារសិក្សា និងសម្ភារការិយាល័យ»។
“លោក Loke Kah Meng អគ្គនាយកប្រតិបត្តិសុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ការវិនិយោគលើអនាគតរបស់កុមារកម្ពុជា គឺពិតជាមានភាពចាំបាច់បំផុតដែលយើងត្រូវតែចូលរួមចំណែក និងយកចិត្តទុកដាក់ទាំងអស់គ្នា», លោកបានបន្ថែមទៀតថា៖ “«យើងសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងជម្រុញ ក៏ដូចជាលើកទឹកចិត្តដល់ភាគីគ្រប់រូបឱ្យមានការចូលរួមចំណែកកាន់តែច្រើន ដើម្បីឆ្ពោះទៅមុខក្នុងការកសាងអនាគតដ៏ល្អប្រសើរសម្រាប់កុមារកម្ពុជា»។។
សុវណ្ណាភូមិ ឡាយហ្វ៍ នឹងបន្តបេសកកម្មរបស់ខ្លួនក្នុងការជួយដល់កុមារកម្ពុជា តាមរយៈសកម្មភាពស្ម័គ្រចិត្ត ការបរិច្ចាគ និងភាពជាដៃគូផ្សេងៗ។ ក្រុមហ៊ុនជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា គឺចាំបាច់ដើម្បីនាំមកនូវការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព និងលើកស្ទួយជីវភាព ក៏ដូចជាការរស់នៅរបស់កុមារដែលកំពុងខ្វះខាតផងដែរ។
អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនិងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយ International Business Magazineដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕