កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ មានមោទកភាពយ៉ាងក្រៃលែងក្នុងការផ្តួចផ្តើមការងារសង្គមក្រោមប្រធានបទ «សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីកុមារកម្ពុជា» នៅសាលាបឋមសិក្សា ទួលសូភី ដែលមានទីតាំងស្ថិតនៅ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងគោលបំណងផ្តោតលើការផ្តល់ជំនួយ និងឱកាសដល់កុមារកម្ពុជាដែលត្រូវការជំនួយនៅទូទាំងប្រទេសកម្ពុជា ។
ក្នុងនាមជាស្ថាប័នដែលមានទំនួលខុសត្រូវសង្គម (CSR) សុវណ្ណាភូមិ ឡាយហ្វ៍ ជឿជាក់យ៉ាងមុតមាំថា ការចូលរួមក្នុងកិច្ចការងារសង្គមដើម្បីជាប្រយោជន៍ដល់សហគមន៍ គឺជារឿងសំខាន់ និងប្តេជ្ញាបង្កើតសកម្មភាពកិច្ចការងារសង្គមនានាឱ្យបានច្រើន ក្នុងការជួយដល់កុមារក្នុងប្រទេសកម្ពុជាដើម្បីធានាឱ្យបានថា កុមារនឹងទទួលបាននូវធនធានចាំបាច់ និងឱកាសសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។
ទន្ទឹមនឹងនេះ សុវណ្ណាភូមិ ឡាយហ្វ៍ បានបរិច្ចាគថវិកាចំនួន ១ ០០០ ០០០ រៀល (មួយលានរៀល) កុំព្យូទ័រលើតុចំនួន២គ្រឿង ម៉ាស៊ីនព្រីនចំនួន១គ្រឿង ឆត្រធំចំនួន២ សម្រាប់ផ្តល់ជូនដល់សាលារៀន សម្ភារសិក្សាដល់សិស្សានុសិស្សចំនួន ៣៥០ឈុត និង សម្ភារប្រើប្រាស់សម្រាប់លោកគ្រូ អ្នកគ្រូចំនួន៨នាក់ផងដែរ។ បន្ថែមពីនេះ បុគ្គលិករបស់សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានចូលរួមចំណែកបរិច្ចាគថវិកាបន្ថែមចំនួន ១ ០០០ ០០០ រៀល (មួយលានរៀល) ដើម្បីឧបត្តម្ភទៅដល់សាលាសម្រាប់តម្រូវការផ្សេងៗផងដែរ។
លោក យឹម សារ៉ាតនាយកសាលាបានសម្តែងការដឹងគុណ ដោយមានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ ដែលបានចូលរួមចំណែកក្នុងការឧបត្តម្ភដូចជា សម្ភារសិក្សា សម្ភារការិយាល័យ និងព្រមទាំងថវិកាជូនដល់សាលារៀន»។ លោកបានបញ្ជាក់ថា នេះជាលើកទីមួយដែលខាងសាលាទទួលបានការបរិច្ចាគ ហើយការបរិច្ចាគទាំងនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែប្រសើរក្នុងដំណើរការបង្រៀនរបស់លោកគ្រូអ្នកគ្រូ។
លោក Loke Kah Meng អគ្គនាយកប្រតិបត្តិ សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា«ការលើកកម្ពស់វិស័យអប់រំ និងអនាគតរបស់កុមារកម្ពុជា គឺពិតជាមានភាពចាំបាច់បំផុតដែលយើងត្រូវតែចូលរួមចំណែកទាំងអស់គ្នា»។ លោកបានមានប្រសាសន៍បន្ថែមទៀតថា "ការផ្តួចផ្តើម «សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីកុមារកម្ពុជា» នេះ គឺធ្វើឡើងដើម្បីផ្តល់ភាពវិជ្ជមាន តាមរយៈការផ្តល់ជាជំនួយដល់កម្មវិធីផ្សេងៗដើម្បីសម្រួលដល់ជីវភាព ឬការរស់នៅដល់កុមារដែលត្រូវការជំនួយ។ យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការសហការគ្នានេះ យើងអាចផ្តល់ការគាំទ្រដល់យុវជនជំនាន់ក្រោយ និងចូលរួមចំណែកធ្វើឱ្យកុមារកម្ពុជាមានអនាគតត្រចះត្រចង់សម្រាប់ប្រទេសជាតិរបស់យើង"។”
អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយ International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕