ភ្នំពេញ នៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា មានមោទកភាព ប្រកាសពីការបញ្ចប់ព្រឹត្តិការណ៍សប្បុរសធម៌ប្រចាំឆ្នាំរបស់ខ្លួនប្រកបដោយភាពជោគជ័យ ក្រោមប្រធានបទ «ជិះកង់ដើម្បីជួយកុមារកម្ពុជាឆ្នាំ២០២៣» នៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងស្វែងរកមូលនិធិក្នុងការជួយឧបត្ថម្ភដល់កុមារកម្ពុជាដែលកំពុងខ្វះខាត។
ព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានអ្នកចូលរួមជិះកង់ ប្រមាណជាង ៣០០ នាក់ ក្នុងសកម្មភាពសប្បុរសធម៌នេះ។ ទន្ទឹមនឹងនេះ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមឧបត្ថម្ភធំពីក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ទីក្រុងកោះពេជ្រ មន្ទីរពេទ្យអ៊ីនធ័រឃែរ ធនាគារកាណាឌីយ៉ា ផ្សារទំនើបសូរិយា សេនធ័រភ័នធ៍ សណ្ឋាគារតារា ផ្សារទំនើបអូឡាំព្យា ផ្សារទំនើបរតនាផ្លាហ្សា សាលាអន្តរជាតិកាណាដាភ្នំពេញ ក្រុមហ៊ុនវ៉តឆ៍ អេមផាយ ខូ អិលធីឌី ក្រុមហ៊ុនដាតាសេហ្វ (ខេមបូឌា) និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត សម្រាប់ការគាំទ្រដ៏សប្បុរសក្នុងព្រឹត្តិការណ៍នេះ។ សុវណ្ណាភូមិ ឡាយហ្វ៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងទីក្រុងកោះពេជ្រដែលបានផ្តល់ទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ និងដៃគូប្រព័ន្ធផ្សព្វផ្សាយដូចជា BTV, CC Time, Baksey Media, Phnom Penh Post, Tnaot App, ដែលបានចូលរួមឧបត្ថម្ភផ្សព្វផ្សាយផងដែរ។
មូលនិធិជាសាច់ប្រាក់សរុប ដែលបានប្រមូលពីម្ចាស់ឧបត្ថម្ភទាំងអស់មានចំនួន ២ ៦០០ដុល្លារអាមេរិក ព្រមទាំងទទួលបានសម្ភារមួយចំនួនផងដែរ ហើយចំនួនទឹកប្រាក់ និងសម្ភារទាំងអស់ដែលទទួលបានពីកម្មវិធីសប្បុរសធម៌នេះនឹងត្រូវបរិច្ចាគដល់កុមារកម្ពុជាដែលខ្វះខាត តាមរយៈ អង្គការដៃគូ និងសាលាបឋមសិក្សាសាធារណៈ។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ លោក Loke Kah Meng អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានថ្លែងពីសារៈសំខាន់នៃការគាំទ្រដល់កុមារកម្ពុជាដោយលោកបានមានប្រសាសន៍ថា៖«យើងមានមោទកភាពក្នុងការរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំនិងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនៃសង្គមជាតិរបស់យើង។ យើងជឿជាក់ថា កុមារគ្រប់ៗរូបគួរមានឱកាសដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត ហើយយើងក៏បានប្តេជ្ញានឹងជួយជ្រោមជ្រែងដល់កុមារកម្ពុជាឱ្យសម្រេចបាននូវភាពជោគជ័យផងដែរ»។លោកបានបន្ថែមថា«យើងសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងជម្រុញ ក៏ដូចជាលើកទឹកចិត្តដល់ភាគីគ្រប់រូបឱ្យមានការចូលរួមចំណែកកាន់តែច្រើន ដើម្បីឆ្ពោះទៅមុខក្នុងការកសាងអនាគតដ៏ល្អប្រសើរសម្រាប់កុមារកម្ពុជា»។។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីជិះកង់សប្បុរសធម៌ដោយជោគជ័យក្នុងឆ្នាំ ២០២២។ កម្មវិធីជិះកង់សប្បុរសធម៌ដើម្បីកុមារកម្ពុជាសម្រាប់ឆ្នាំ ២០២៣ គឺជាជោគជ័យដ៏អស្ចារ្យ ដោយមានការគាំទ្រពីម្ចាស់ឧបត្ថម្ភ និងអ្នកចូលរួមជិះកង់ជាច្រើនផងដែរ។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ នឹងរៀបចំព្រឹត្តិការណ៍កីឡាបន្ថែមទៀតនាពេលអនាគត និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យសង្គមជាតិកាន់តែប្រសើរឡើង។
អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនិងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយស្ថាប័ន International Business Magazineដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕