ភ្នំពេញ, ខែកញ្ញា, ២០២៣ - សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងប្រទេសកម្ពុជា មានមោទកភាពយ៉ាងក្រៃលែងក្នុងការផ្តួចផ្តើមការងារសង្គមក្រោមប្រធានបទ«សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីកុមារកម្ពុជា»ក្នុងគោលបំណងផ្តោតលើការផ្តល់ជំនួយ និងឱកាសដល់កុមារកម្ពុជាដែលត្រូវការជំនួយនៅទូទាំងប្រទេសកម្ពុជា។
ក្នុងនាមជាស្ថាប័នដែលមានទំនួលខុសត្រូវសង្គម (CSR) សុវណ្ណាភូមិ ឡាយហ្វ៍ ជឿជាក់យ៉ាងមុតមាំថា ការចូលរួមក្នុងកិច្ចការងារ សង្គមដើម្បីជាប្រយោជន៍ដល់សហគមន៍ គឺជារឿងសំខាន់ និងប្តេជ្ញាបង្កើតសកម្មភាពកិច្ចការងារសង្គមនានាឱ្យបានច្រើន ក្នុងការជួយដល់កុមារក្នុងប្រទេសកម្ពុជាដើម្បីធានាឱ្យបានថា កុមារនឹងទទួលបាននូវធនធានចាំបាច់ និងឱកាសសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។
ក្រោមការផ្តួចផ្តើម «សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីកុមារកម្ពុជា» នេះ ក្រុមហ៊ុនបានប្តេជ្ញាចិត្តគាំទ្រកម្មវិធី និងគម្រោងផ្សេងៗ ដែលផ្តល់អត្ថប្រយោជន៍ដល់កុមារកម្ពុជា និងចាប់ដៃគូជាមួយអង្គការសប្បុរសធម៌ក្នុងស្រុក ព្រមទាំងសាលារៀន នានាដែល ផ្តោតលើការអប់រំ ការថែទាំសុខភាព ក៏ដូចជាកម្មវិធីអាហារូបត្ថម្ភ ដើម្បីធានាឱ្យកុមាររក្សាបាននូវសុខភាពល្អ និង សុខុមាលភាព និងលើកកម្ពស់បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀនឱ្យកាន់តែប្រសើរ។
ទន្ទឹមនឹងនេះ សុវណ្ណាភូមិ ឡាយហ្វ៍ បានបរិច្ចាគថវិកា ១ ០០០ ០០០ រៀល និងសម្ភារសិក្សាទៅកាន់ សាលាបឋមសិក្សា អង្គស្អាត ខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។ គោលបំណងក្នុងការធ្វើសកម្មភាពសប្បុរសធម៌ នេះឡើង គឺដើម្បីឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្ស ចំនួន ៤៤១នាក់ ដែលកំពុងត្រូវការជំនួយ។ បន្ថែមពីនេះ បុគ្គលិក របស់ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានចូលរួមចំណែកបរិច្ចាគថវិកាបន្ថែមចំនួន ១ ៣៦០ ០០០ រៀល និងសម្ភារសិក្សា ចំនួន ១០០ ឈុត ដែលក្នុងឈុតនីមួយៗមានដូចជា៖ សៀវភៅសរសេរ ប៊ិក ខ្មៅដៃ បន្ទាត់ និងសម្ភារផ្សេងៗទៀតដើម្បីជួយគាំទ្រ ដល់ការសិក្សារបស់សិស្សានុសិស្ស។
លោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ការវិនិយោគលើសុខុមាលភាព និងអនាគតរបស់កុមារកម្ពុជា គឺពិតជាមានភាពចាំបាច់បំផុតដែលយើងត្រូវតែចូលរួមចំណែកទាំងអស់គ្នា»។ លោក បានមានប្រសាសន៍បន្ថែមទៀតថា ៖«ការផ្តួចផ្តើម «សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីកុមារកម្ពុជា» នេះ គឺធ្វើឡើងដើម្បីផ្តល់ភាពវិជ្ជមាន តាមរយៈការផ្តល់ជាជំនួយដល់កម្មវិធីផ្សេងៗដើម្បីសម្រួលដល់ជីវភាព ឬការរស់នៅដល់កុមារដែលត្រូវការជំនួយ។ យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការសហការគ្នា យើងអាចផ្តល់ការគាំទ្រដល់យុវជនជំនាន់ក្រោយនឹងចូលរួមចំណែកធ្វើឱ្យកុមារកម្ពុជាមានអនាគតត្រចះត្រចង់សម្រាប់ប្រទេសជាតិរបស់យើង»។
សុវណ្ណាភូមិ ឡាយហ្វ៍ នឹងបន្តបេសកកម្មរបស់ខ្លួនក្នុងការជួយដល់កុមារកម្ពុជា តាមរយៈសកម្មភាពស្ម័គ្រចិត្ត ការបរិច្ចាគ និងភាពជាដៃគូផ្សេងៗ។ ក្រុមហ៊ុនជឿជាក់ថាកិច្ចខិតខំប្រឹងប្រែងរួមគ្នា គឺចាំបាច់ដើម្បីនាំមកនូវការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព និងលើកស្ទួយជីវភាព ក៏ដូចជាការរស់នៅរបស់កុមារផងដែរ។
អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយ International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕