កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីសប្បុរសធម៌ដែលជាផ្នែកមួយនៃកិច្ចការទំនួលខុសត្រូវសង្គមរបស់ខ្លួន នៅសាលាបឋមសិក្សា មង្គលបូរី ដែលមានទីតាំងស្ថិតនៅ ភូមិ មង្គលបូរី ឃុំ សំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមប្រធានបទ «សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីកុមារកម្ពុជា» ។

សុវណ្ណាភូមិ ឡាយហ្វ៍ បានបរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀល) កុំព្យូទ័រលើតុចំនួន ២គ្រឿង ឆត្រធំ ២ សម្ភារសិក្សាដល់ប្អូនៗសិស្សានុសិស្សចំនួន ៣២៩ឈុត និង សម្ភារ ការិយាល័យចំនួនសម្រាប់លោកគ្រូ អ្នកគ្រូចំនួន ១៨នាក់។ បន្ថែមពីនេះ បុគ្គលិករបស់សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានចូលរួមចំណែកបរិច្ចាគថវិកាបន្ថែមចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ដើម្បីជួយទៅដល់សាលាសម្រាប់តម្រូវការផ្សេងៗ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកស្រី ឈន ស៊ីថាអភិបាលរងស្រុកអង្គស្នួល លោក ហ៊ុន សុន ប្រធានក្រុមប្រឹក្សាឃុំសំរោងលើ និង លោកស្រី នូ សុធារីមន្ត្រីការិយាល័យ អប់រំយុវជន និង កីឡា ស្រុកអង្គស្នូល ផងដែរ។

លោក ហឿន សំអូន ដែលជានាយកសាលា បានសម្តែងការដឹងគុណ ដោយមានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណចំពោះ សុវណ្ណាភូមិ ឡាយហ្វ៍ ដែលបានចូលរួមចំណែកក្នុងការជួយដូចជា សម្ភារសិក្សា និងសម្ភារការិយាល័យ ព្រមទាំងថវិកាជូនដល់សាលារៀន»។‎ ‎លោកបានបញ្ជាក់ថា នេះជាលើកទីមួយដែលសាលាទទួលបានការបរិច្ចាគទាំងនេះ ហើយការបរិច្ចាគទាំងនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែប្រសើរក្នុងដំណើរការនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការសិក្សារបស់សិស្សានុសិស្ស។

លោក Loke Kah Meng‎ ដែលជាអគ្គនាយកប្រតិបត្តិសុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា «ការលើកកម្ពស់វិស័យអប់រំ និងអនាគតរបស់កុមារកម្ពុជា គឺពិតជាមានភាពចាំបាច់បំផុតដែលយើងត្រូវតែចូលរួមចំណែកទាំងអស់គ្នា»។ លោកបានមានប្រសាសន៍បន្ថែមទៀតថា «ការផ្តួចផ្តើម «សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីកុមារកម្ពុជា» នេះ គឺធ្វើឡើងដើម្បីផ្តល់ភាពវិជ្ជមាន តាមរយៈការផ្តល់ជាជំនួយដល់កម្មវិធីផ្សេងៗដើម្បីសម្រួលដល់ជីវភាព ឬការរស់នៅដល់កុមារដែលត្រូវការជំនួយ។ យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការសហការគ្នានេះ យើងអាចផ្តល់ការគាំទ្រដល់យុវជនជំនាន់ក្រោយ និងចូលរួមចំណែកធ្វើឱ្យកុមារកម្ពុជាមានអនាគតត្រចះត្រចង់សម្រាប់ប្រទេសជាតិរបស់យើង»។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍

ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយ International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕