គណៈគ្រប់គ្រង សុវណ្ណាភូមិ ឡាយហ្វ៍ កាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២ បានចុះទៅសាលាបឋមសិក្សាអូរទូច ដែលមានទីតាំងស្ថិតនៅ ភូមិអូរទូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដើម្បីផ្តល់សម្ភារសិក្សា និងម៉ាស់ការពារដល់ប្អូនៗសិស្សានុសិស្សចំនួន ៣១១ នាក់។ លើសពីនេះ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានឧបត្ថម្ភថវិកា ១ លានរៀល ដល់សាលាសម្រាប់ការសាងសង់ ឬជួសជុលផ្សេងៗផងដែរ។ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានផ្តល់ជូនឆត្រធំៗដល់សាលារៀន ដើម្បីជាជម្រកម្លប់ដល់សិស្សនៅអំឡុងពេលម៉ោងសម្រាក ឬពេលចេញលេង។

ការឧបត្ថម្ភរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ នេះគឺដើម្បីរួមចំណែកជួយដោះស្រាយដល់សិស្សក្រីក្រដែលត្រូវការសម្ភារទាំងអស់នេះជាចាំបាច់ ហើយនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់បានសម្តែងនូវសេចក្តីរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ដែលបានផ្តល់សម្ភារសិក្សាទាំងនេះ។
សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងស្រុក ក្នុងការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់គ្រួសារកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងផ្តល់ការការពារហិរញ្ញវត្ថុដល់អតិថិជនជាង ១៦ ម៉ឺននាក់នៅទូទាំងប្រទេស។ ជាមួយគ្នាផងដែរ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានរួមចំណែកក្នុងកិច្ចការសង្គម ដល់សហគមន៍ក្នុងស្រុកជាច្រើននៅទូទាំងប្រទេស។
លោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា សម្ភារសិក្សា និងម៉ាស់ការពារទាំង ៣១១ កញ្ចប់ សម្រាប់សិស្សានុសិស្សគ្រប់រូប នៅភូមិអូរទូច ឃុំអណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នឹងជួយសម្រាលការលំបាកដល់សិស្ស និងសាលាបានមួយផ្នែកផងដែរ»។

លោកអគ្គនាយកប្រតិបត្តិបានបន្ថែមថា៖ «សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានចូលរួមចំណែកក្នុងកិច្ចការសង្គមជាច្រើន ដូចជាការបរិច្ចាគមីកញ្ចប់ដល់រដ្ឋបាលរាជធានីភ្នំពេញ នៅពេលរាជធានីភ្នំពេញ ស្ថិតនៅក្រោមការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩
និងការបរិច្ចាគមីកញ្ចប់ដល់សាលាស្រុកខ្សាច់កណ្តាល ផ្តល់ម៉ាស់ការពារដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងផ្តល់អាហារ ព្រមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារតាមរយៈកម្មវិធីសប្បុរសធម៌ «អរគុណកម្ពុជា» នៅតាមបណ្តាខេត្តមួយចំនួនផងដែរ»។
លោកបានមានប្រសាសន៍បន្ថែមថា៖ «សកម្មភាពចូលរួមក្នុងការងារសង្គមទាំងនេះ បង្ហាញឱ្យឃើញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងការទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន ក្នុងការជ្រើសរើសជាដៃគូការពារហិរញ្ញវត្ថុគ្រួសាររបស់ពួកគេ ដែលស្របទៅនឹងបេសកកម្មរបស់យើងគឺ «នៅទីនេះ ដើម្បីអ្នក នៅទីនេះ ដើម្បីកម្ពុជា»។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយ International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕