សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខមួយ នៅកម្ពុជា បានប្រារព្ធកម្មវិធីប្រជុំប្រចាំឆ្នាំសម្រាប់ឆ្នាំថ្មីក្រោមប្រធានបទ “We are #1”។ ព្រឹត្តិការណ៍សម្រាប់ការិយាល័យផ្នែកលក់ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនេះ ដោយមានបុគ្គលិកចូលរួមប្រមាណជាង ៤០០ នាក់មក ពីទូទាំងប្រទេសកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅ សណ្ឋាគារ Dara Airport ក្រុងភ្នំពេញ។
នៅពេលបើកកម្មវិធី លោក Loke Kah Meng អគ្គនាយកប្រតិបត្តិសុវណ្ណាភូមិ ឡាយហ្វ៍ បានបង្ហាញ «អំពីសមិទ្ធិផលសំខាន់ៗដែលសម្រេចបានជោគជ័យក្នុងឆ្នាំ២០២២ និងយុទ្ធសាស្រ្តអាទិភាពសំខាន់ៗក្នុងឆ្នាំ២០២៣ ព្រមទាំងបង្ហាញពីការបេជ្ញាចិត្ត និងយុទ្ធសាស្រ្តរបស់នាយកការិយាល័យ ដើម្បីសម្រេចបាននូវគោលដៅសម្រាប់ឆ្នាំខាងមុខ»។
សុវណ្ណាភូមិ ឡាយហ្វ៍ បានសម្រេចនូវសមិទ្ធិផលជាក្រុមហ៊ុនឈានមុខគេក្នុងត្រីមាសទី ៣ ឆ្នាំ២០២២លើទីផ្សារ និងទទួលបានប្រាក់ចំណេញពីរឆ្នាំជាប់ៗគ្នាចាប់ពីឆ្នាំ២០២១ រហូតដល់ ឆ្នាំ២០២២។
គោលដៅផ្សេងៗទៀតក្នុងឆ្នាំនេះ គឺយើងកំពុងប្រតិបត្តិការយុទ្ធនាការគម្រប់ខួបប្រាំមួយឆ្នាំរបស់យើង ដោយផ្តល់នូវឆត្រធំដល់ម្ចាស់អាជីវកម្មក្នុងខេត្តចំនួន ១២ ទូទាំងប្រទេសកម្ពុជា និងបង្កើតព្រឹត្តិការណ៍ “Family Fun Bike” ដោយសហការជាមួយក្រុមហ៊ុន Overseas Cambodian Investment Corporation [OCIC] ផងដែរ។
លោកបានបន្តថា៖ «យើងបានប្រមូលប្រាក់មូលនិធិប្រមាណជាង ៦ ពាន់ដុល្លារអាមេរិក ពីព្រឹត្តិការណ៍ “Family Fun Bike” ដោយប្រាក់មូលនិធិនោះបានបរិច្ចាគដល់អង្គការស៊ីប៉ាកម្ពុជា នៅភ្នំពេញ និងមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។ ក្នុងខែតុលា ឆ្នាំ២០២២ សុវណ្ណាភូមិ ឡាយហ្វ៍ បានសហការភាពជាដៃគូជាមួយធនាគារ អេស ប៊ី អាយ លី ហួរ ជាផ្លូវការសម្រាប់ចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតដើម្បីបង្កើនការការពារផ្នែកហិរញ្ញវត្ថុដល់អតិថិជនរបស់ខ្លួន»។
សុវណ្ណាភូមិ ឡាយហ្វ៍ បានប្រគល់ប័ណ្ណសរសើរជូនដល់បុគ្គលិកដែលខិតខំប្រឹងប្រែងធ្វើការងារ និងបុគ្គលិកឆ្នើមផ្នែកលក់ប្រចាំឆ្នាំប្រមាណជាង ១២១ នាក់ដូចជា Champion of the Year, Top Performer of the Year, និង 5-Year Loyalty Award ដោយរាប់ទាំងភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល និងបុគ្គលិកផ្នែកប៊េងកាសួរេន ដែលប្រចាំការនៅតាមសាខាធនាគារដៃគូទាំងអស់របស់ក្រុមហ៊ុននៅទូទាំងប្រទេស។
អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយស្ថាប័ន International Business Magazineដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕