សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជាមួយមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្ត បានប្រារព្ធកម្មវិធីប្រជុំប្រចាំឆ្នាំសម្រាប់ឆ្នាំថ្មីក្រោមប្រធានបទ «ចក្ខុវិស័យឆ្ពោះទៅកាន់ភាពជោគជ័យរួមគ្នា ក្នុងឆ្នាំ២០២៥»។

សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនេះ ដោយមានបុគ្គលិកចូលរួមជាង ២០០នាក់ មកពីទូទាំងប្រទេសកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅ សណ្ឋាគារតារា អ៊ែរផត រាជធានីភ្នំពេញ។ គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីអបអរសាទរឆ្នាំថ្មី និងតម្រង់ទិសបុគ្គលិក ក្នុងការប្រតិបត្តិការងារឱ្យស្របទៅនឹងយុទ្ធសាស្ត្រ និងគោលដៅរបស់ក្រុមហ៊ុន។ កិច្ចប្រជុំបានគូសបញ្ជាក់អំពីផែនការសកម្មភាពដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់សម្រាប់ក្រុមការងារនីមួយៗក្នុងឆ្នាំ២០២៥។

នៅពេលបើកកម្មវិធី លោក Loke Kah Meng អគ្គនាយកប្រតិបត្តិសុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ធ្វើអ្វីក៏ដោយមិនដែលងាយស្រួលនោះទេ តែនឹងធ្វើឱ្យអ្នកកាន់តែប្រសើរឡើង។ យើងទាំងអស់គ្នាត្រូវតែមានបេសកកម្ម និងគោលដៅដូចគ្នា ដើម្បីសម្រេចលទ្ធផល ក្នុងរយៈពេល ១២ខែខាងមុខនេះ»។

លោកបានបន្ថែមទៀតថា៖ «ការប្តេជ្ញាចិត្ត និងផែនការយុទ្ធសាស្រ្តរបស់យើងក៏ជាកត្តាជំរុញទឹកចិត្តដែលធ្វើឱ្យយើងសម្រេចបាននូវគោលដៅក្នុងឆ្នាំ២០២៥ ផងដែរ។ ទន្ទឹមនឹងនេះ យើងជឿជាក់យ៉ាងមុតមាំថា ការបំពេញការងារដោយមានបេសកកម្ម និងគោលដៅដូចគ្នានេះ គឺពិតជាអាចផ្តល់នូវលទ្ធផលដ៏អស្ចារ្យ និងអាចរួមចំណែកដល់សង្គម ព្រមទាំងការផ្តល់នូវផលិតផលធានារ៉ាប់រងអាយុជីវិតដល់គ្រួសារកម្ពុជា»។

សុវណ្ណាភូមិ ឡាយហ្វ៍ បានប្រគល់ប័ណ្ណសរសើរជូនដល់បុគ្គលិកដែលខិតខំប្រឹងប្រែងធ្វើការងារ និងបុគ្គលិកឆ្នើមផ្នែកលក់ប្រចាំឆ្នាំ៦៧ នាក់ដូចជា Champion of the Year, Top Performer of the Year, និង 5-Year Loyalty Award ដោយរាប់ទាំងភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល និងបុគ្គលិកផ្នែកប៊េងកាសួរេន ដែលប្រចាំការនៅតាមសាខាធនាគារដៃគូទាំងអស់របស់ក្រុមហ៊ុននៅទូទាំងប្រទេស។

សមិទ្ធផលផ្សេងទៀតដែលត្រូវបានគូសបញ្ជាក់រួមមាន ព្រឹត្តិការណ៍ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០គ.ម ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងការបរិច្ចាគដល់សាលាបឋមសិក្សាចំនួន ២ ផងដែរ។ បន្ថែមលើសពីនេះ សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធី «ជិះកង់ដើម្បីជួយកុមារកម្ពុជា» នៅកោះពេជ្រ រាជធានីភ្នំពេញ ហើយបានប្រមូលថវិកាសរុបពីអ្នកឧបត្ថម្ភជាសាច់ប្រាក់ចំនួន ៧ ៣០០ ដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ដល់កុមារកម្ពុជាដែលកំពុងមានការខ្វះខាត។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍

ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនិងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយស្ថាប័ន International Business Magazineដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕