សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា ជាមួយនឹងមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្ត បាននឹងកំពុងប្តេជ្ញាចិត្តចំពោះគម្រោងទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួនទៅកាន់កម្រិតថ្មីមួយទៀត ដោយផ្តល់ជំនួយហិរញ្ញវត្ថុដល់សហគ្រិនស្ត្រីដែលប្រតិបត្តិការអាជីវកម្មខ្នាតតូច។
ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំលើថាមពលរបស់ស្ត្រី និងសក្តានុពលរបស់ពួកគេដែលនឹងជះឥទ្ធិពល វិជ្ជមានដល់សង្គមជាតិ ខណៈគម្រោងទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួននឹងដើរតួនាទីប្រកបដោយផលិតភាព ក្នុងការលើកស្ទួយស្ថានភាពសេដ្ឋកិច្ចរបស់ស្ត្រី។ ដោយចាប់ដៃគូជាមួយ Lady Saving Group ដែលជាផ្នែកមួយនៃអង្គការ Women Entrepreneurs Act ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ, សុវណ្ណាភូមិ ឡាយហ្វ៍ មានគោលបំណងបង្កើតបរិយាកាសមួយដែលធ្វើអោយអាជីវករជាស្ត្រី អាចរីកចម្រើន និងបន្ថែមគុណតម្លៃដល់គ្រួសារ និងសង្គមជាតិ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំព្រឹត្តិការណ៍ “ទិវារត់ប្រណាំងស្រ្តីចម្ងាយ១០គ.ម” នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ កម្មវិធីនេះឧបត្ថម្ភដោយ សុវណ្ណាភូមិ ឡាយហ្វ៍ ហើយក៏គឺជាឱកាសដ៏សំខាន់មួយនៃគម្រោងទំនួលខុសត្រូវសង្គម (CSR) ដំបូងរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះ។ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងចូលរួមវិភាគទាន ៤ ០០០ រៀល រាល់ការចុះឈ្មោះចូលរួមរបស់អ្នករត់ប្រណាំងម្នាក់ ដើម្បីជាការផ្តួចផ្តើមផ្តល់មូលនិធិដល់គម្រោងទំនួលខុសត្រូវសង្គម (CSR) ទៅកាន់ Lady Saving Group ហើយយើងរំពឹងថានឹងមានអ្នករត់ប្រណាំងប្រមាណ ២ ០០០ នាក់នឹងចូលរួមក្នុងទិវារត់ប្រណាំងស្រ្តីចម្ងាយ១០គ.មនេះ។ កម្មវិធីនេះប្រារព្ធឡើងក្នុងទិវាសិទ្ធិនារីអន្តរជាតិ, ការរត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រក្នុងឆ្នាំនេះ ក្រោមប្រធានបទ «ស្ត្រីក្នុងភាពជាអ្នកដឹកនាំ» នឹងចាប់ផ្តើមនៅមុខសួនច្បារវត្តបទុមវត្តី វេលាម៉ោង ៥និង៣០នាទីព្រឹក។ ក្នុងនោះក៏មានការរត់កម្សាន្តចម្ងាយ ៤គីឡូម៉ែត្រក្នុងវេលាម៉ោង ៥និង៤៥នាទីព្រឹកសម្រាប់ក្រុមគ្រួសារ និងកុមារផងដែរ។
លោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា ៖«ក្រុមហ៊ុនរបស់លោកមានសេចក្តីសោមនស្សរីករាយដែលបានបរិច្ចាគថវិកាដល់ Lady Saving Group ដើម្បីគាំទ្រដល់សហគ្រិនស្ត្រី។ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយ Lady Saving Group ក្នុងឆ្នាំនេះ ដើម្បី ផ្តល់កម្ចីអាជីវកម្មខ្នាតតូចដោយមិនមានការប្រាក់»។
លោក Loke Kah Meng មានប្រសាសន៍បន្ថែមថា ៖«មូលនិធិភាគច្រើននឹងផ្តល់ជូនសហគ្រិនស្ត្រីចំនួនប្រាំ៥នាក់ តាមរយៈ Lady Saving Group ជាមួយនឹងប្រាក់កម្ចីខ្នាតតូចដោយមិនមានការប្រាក់ ដើម្បីផ្គត់ផ្គង់ដល់សហគ្រាសរបស់ពួកគេ»។
Lady Saving Group ដំណើរការកម្មវិធីយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ សហគ្រិនក្នុងភាពជាអ្នកដឹកនាំ ការណែនាំអំពីអាជីព និងការបង្រៀនសម្រាប់ស្ត្រីជាប្រចាំ។ «យើងរីករាយដែលបានចាប់ដៃគូជាមួយ សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីជួយលើកកម្ពស់សហគ្រិនស្ត្រីក្នុងការទទួលបានការអប់រំ និងផ្តល់ជូនធនធានហិរញ្ញវត្ថុ ដើម្បីផ្គត់ផ្គង់ដល់អាជីវកម្មរបស់ពួកគេ»។ «ដោយមានបទពិសោធន៍ធ្វើការជាមួយម្ចាស់អាជីវកម្មស្ត្រីខ្នាតតូច និងក្រៅផ្លូវការ យើងយល់ថាចំណេះដឹង និងដើមទុន គឺជាអ្វីដែលពួកគេត្រូវការពិតប្រាកដមែន»។ អ្នកស្រី វីរៈ ប៊ុណ្ណារ័ត្ន សហស្ថាបនិក និងជាប្រធានផ្នែកយុទ្ធសាស្រ្តនិងកម្មវិធីនៃ Lady Saving Group បានមានប្រសាសន៍ថា ៖«សហគ្រិនស្ត្រីដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិនិងសេដ្ឋកិច្ច ដូច្នេះការរីកចម្រើនអាជីវកម្មរបស់ពួកគេ ក៏នឹងនាំមកនូវភាពរុងរឿងដល់សង្គមជាតិរបស់យើងផងដែរ»។ ទឹកប្រាក់សរុបចំនួន ២ ០០០ ដុល្លារដែលបានមកពីកម្មវិធី “ទិវារត់ប្រណាំងស្រ្តីចម្ងាយ១០គ.ម ២០២៣” នឹងត្រូវបែងចែកសម្រាប់គម្រោងទំនួលខុសត្រូវសង្គម (CSR) ដែលក្នុងនោះ ៥០០ ដុល្លារនឹងត្រូវផ្តល់ទៅឱ្យអង្គការ Lady Saving Group ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពរបស់ Lady Saving Group ខណៈដែលសហគ្រិនស្ត្រីចំនួន ៥នាក់នឹងទទួលបានប្រាក់កម្ចី ៣០០ដុល្លារដោយមិនមានការប្រាក់។ ស្រ្តីដែលទទួលបានការកម្ចីនឹងត្រូវសងប្រាក់វិញក្នុងរយៈពេល ១០ខែ ដោយប្រាក់នោះត្រូវចែកចាយឡើងវិញទៅឱ្យសហគ្រិនស្ត្រីដែលសមនឹងទទួលបានផ្សេងៗទៀត។
អ្នកស្រី គឹម សុខហេង អាយុ ៤៨ឆ្នាំ ដែលប្រកបអាជីវកម្មបោកអ៊ុតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញ គឺជាអ្នកទទួលផលដំបូងគេ។ ស្ត្រីដែលជាម្តាយកូនពីររូបនេះ បើកអាជីវកម្មបោកគក់ដោយប្រើម៉ាស៊ីនបោកគក់ចំនួន៤គ្រឿង ហើយគ្រោងនឹងប្រើប្រាក់កម្ចីដើម្បីទិញម៉ាស៊ីនបោកគក់ថ្មី ជំនួសម៉ាស៊ីចាស់ដែលខូច។
«កម្ចីអាជីវកម្មខ្នាតតូចដោយមិនគិតការប្រាក់ នឹងជួយពង្រីកអាជីវកម្មនិងបង្កើនប្រាក់ចំណូលរបស់ខ្ញុំ ដែលនឹងជួយឱ្យខ្ញុំរកប្រាក់ជួយផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំ»។ អ្នកស្រី សុខហេង ថ្លែងថា ៖«ក្រុមហ៊ុនផ្សេងទៀតគួរតែអនុវត្តតាមយុទ្ធសាស្ត្ររបស់សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីគាំទ្រដល់សហគ្រិនស្ត្រីក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ និងធ្វើឱ្យពួកគេកាន់តែមាននិរន្តរភាព»។
សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ជូនអ្នកចូលរួមទិវារត់ប្រណាំងស្រ្តីចម្ងាយ១០គ.ម នូវការបញ្ចុះតម្លៃពិសេសរហូតដល់ ២០ភាគរយ លើផលិតផលដ៏ពេញនិយមរបស់ខ្លួនគឺ SMILE Life Solutions ។ ការផ្តល់ជូននេះមាន សុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣៕