ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធី «ជិះកង់ដើម្បីជួយកុមារកម្ពុជាឆ្នាំ២០២៤» ដ៏ជោគជ័យ ដើម្បីជួយដល់ការអប់រំកុមារកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ មានមោទកភាព ប្រកាសពីការបញ្ចប់ព្រឹត្តិការណ៍ «ជិះកង់ដើម្បីជួយកុមារកម្ពុជាឆ្នាំ២០២៤» ប្រកបដោយភាពជោគជ័យនៅទីក្រុងកោះពេជ្រ និង ទីក្រុងនរា រាជធានីភ្នំពេញ ក្នុងគោលបំណងស្វែងរកថវិកាក្នុងការជួយឧបត្ថម្ភដល់កុមារកម្ពុជា។ 

សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំព្រឹត្តិការណ៍ជិះកង់នេះជាលើកទី៣ នៅក្នុងឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីមុខអគារ Elysee កោះពេជ្រ និង បន្តឆ្លងកាត់ទីក្រុងនរា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បង្កឱ្យមានភាពសប្បាយរីករាយ និងមានការចូលរួមគាំទ្រពីវិស័យឯកជន ម្ចាស់ក្រុមហ៊ុន ព្រមទាំងសហគ្រាសជាច្រើន ដើម្បីប្រមូលថវិកាជួយដល់ការសិក្សារបស់កុមារកម្ពុជា។

តំណាងក្រុមហ៊ុនសហការជាច្រើន បានគូសបញ្ជាក់ពីសារៈប្រយោជន៍នៃការជិះកង់ក្នុងការលើកកម្ពស់របៀបរស់នៅប្រកបដោយនិរន្តរភាព និងប្រកបដោយសុខភាពល្អ «យើងមិនត្រឹមតែមកជួបជុំគ្នានៅទីនេះសម្រាប់ការហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្ដែយើងនៅទីនេះដើម្បីជួយដល់កុមារា-កុមារីកម្ពុជា និងគាំទ្រដល់ការសិក្សារៀនសូត្ររបស់ពួកគេ»។

ទិដ្ឋភាពនាពេលព្រឹកព្រលឹមបានបង្ហាញពីវត្ដមានអ្នកចូលរួមជាច្រើននាក់ ទាំងក្មេងទាំងចាស់ ពាក់អាវយឺតពណ៌ផ្កាឈូក ដែលមាននិមិត្តសញ្ញា«សុវណ្ណាភូមិ ឡាយហ្វ៍»ដោយបង្កើតឱ្យមានបរិយាកាសរីករាយ និងចែករំលែកសុភមង្គលជាមួយ និង ការជិះកង់រួមគ្នា។

ព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានអ្នកចូលរួមជិះកង់ ប្រមាណជាង ៥០០ នាក់ ក្នុងសកម្មភាពសប្បុរសធម៌នេះ។ ទន្ទឹមនឹងនេះ សុវណ្ណាភូមិ ឡាយហ្វ៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមឧបត្ថម្ភធំពីក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ទីក្រុងកោះពេជ្រ ខុនដូ ដាយមិន បេ ហ្គាដិន មន្ទីរពេទ្យអ៊ីនធ័រឃែរ ទីក្រុងនរា ធនាគារកាណាឌីយ៉ា សណ្ឋាគារតារា សាលាអន្តរជាតិកាណាដាភ្នំពេញ ក្រុមហ៊ុនវ៉តឆ៍ អេមផាយ ខូ អិលធីឌី (ice watch) ធនាគារ អេស ប៊ី អាយ លី ហួរ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា(ខេមតិច) ដឺ បេស ខេមើរ៉ា ឡាយ ប៉ូការី ស្វេត (Pocari Sweat) តាដា (TADA) ដឹអូឡាំព្យាស៊ីធី និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត សម្រាប់ការគាំទ្រដ៏សប្បុរសក្នុងព្រឹត្តិការណ៍នេះ។ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងទីក្រុងកោះពេជ្រដែលបានផ្តល់ទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍និងដៃគូប្រព័ន្ធផ្សព្វផ្សាយដូចជា CBS PNN AMS APSARA TV11 TNAOT App The Nation Cambodia Win Win News និងស៊ីស៊ី ថាមស៍ (The Cambodia China Times) ដែលបានចូលរួមជាដៃគូផ្សព្វផ្សាយផងដែរ។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ លោក Loke Kah Meng អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានថ្លែងពីសារៈសំខាន់នៃការគាំទ្រដល់កុមារកម្ពុជា ដោយលោកបានមានប្រសាសន៍ថា៖ «យើងមានមោទកភាពក្នុងការរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំនិងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនៃសង្គមជាតិរបស់យើង។ យើងជឿជាក់ថា កុមារគ្រប់ៗរូបគួរមានឱកាសដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត ហើយយើងក៏បានប្តេជ្ញានឹងជួយជ្រោមជ្រែងដល់កុមារកម្ពុជាឱ្យសម្រេចបាននូវភាពជោគជ័យផងដែរ»។ លោកបានបន្ថែមថា «យើងសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងជម្រុញ ក៏ដូចជាលើកទឹកចិត្តដល់ភាគីគ្រប់រូបឱ្យមានការចូលរួមចំណែកកាន់តែច្រើន ដើម្បីឆ្ពោះទៅមុខក្នុងការកសាងអនាគតដ៏ល្អប្រសើរសម្រាប់កុមារកម្ពុជា»។ 

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីជិះកង់សប្បុរសធម៌ដោយជោគជ័យក្នុងឆ្នាំ ២០២២។ កម្មវិធីជិះកង់សប្បុរសធម៌ដើម្បីកុមារកម្ពុជាសម្រាប់ឆ្នាំ ២០២៣ គឺជាជោគជ័យដ៏អស្ចារ្យ ដោយមានការគាំទ្រពីម្ចាស់ឧបត្ថម្ភ និងអ្នកចូលរួមជិះកង់ជាច្រើនផងដែរ។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ នឹងរៀបចំព្រឹត្តិការណ៍កីឡាបន្ថែមទៀតនាពេលអនាគត និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យសង្គមជាតិកាន់តែប្រសើរឡើង។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនិងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយស្ថាប័ន International Business Magazineដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕