អគ្គនាយកប្រតិបត្តិថ្មី នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី លោក Loke Kah Meng មានទំនុកចិត្តថា ក្រុមហ៊ុនធានារ៉ាប់រងមួយនេះអាចនឹងទទួលបានកំណើនដ៏រឹងមាំបន្តទៀតនៅក្នុងឆ្នាំនេះ ទោះបីវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។
ស្ថាប័នហិរញ្ញវត្ថុ Global Banking and Finance Review បានផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលរីកចម្រើនលឿនជាងគេនៅកម្ពុជារយៈពេល ៣ ឆ្នាំជាប់ៗគ្នាគឺពីឆ្នាំ ២០១៨ ២០១៩ និង ២០២០។
ក្នុងឱកាសអបអរសាទរខួបលើកទី ៥ របស់ខ្លួននៅថ្ងៃទី ១ ខែមេសា លោក Loke Kah Meng បានមានប្រសាសន៍ថាក្រុមហ៊ុនអាចទទួលបានសមិទ្ធផលដ៏ធំធេងមួយទៀត ខណៈដែលវិស័យធានារ៉ាប់រងអាយុជីវិតក្នុងស្រុកហាក់ស្ថិតនៅលើគន្លងនៃកំណើនកាន់តែរឹងមាំ។
«យើងរំពឹងនឹងបន្តក៏ដូចជាពន្លឿនល្បឿននៃកំណើនយ៉ាងហោចណាស់ឱ្យបាន ២ ទៅ ៣ដង នៃមធ្យមភាគឧស្សាហកម្ម ដោយមានមហិច្ឆតាក្លាយទៅជាក្រុមហ៊ុនឈានមុខនៅលើទីផ្សារ ផ្អែកលើបុព្វលាភអាជីវកម្មថ្មីសរុប»។
លោកបានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «យើងនឹងសម្រេចបានតាមរយៈការពង្រីកបណ្តាញជាមួយដៃគូធនាគារ និងបង្កើនការគ្របដណ្តប់ទៅលើសាខា។ ណែនាំយុទ្ធសាស្ត្រឆាប់រហ័សដើម្បីបង្កើនការចែកចាយភ្នាក់ងារ ដែលយើងនឹងជ្រើសរើសបុគ្គលជាសហគ្រិនដែលមានបំណងបើកអាជីវកម្មផ្ទាល់ខ្លួន ដោយមិនចាំបាច់មានទុនផ្ទាល់ខ្លួន»។
មុនពេលជំងឺកូវីដផ្ទុះឡើង ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅក្នុងតំបន់អាស៊ានអស់រយៈពេលជិត ១ទសវត្សរ៍ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យម ៨ ភាគរយក្នុង ១ឆ្នាំ។
យោងតាមសមាគមធានារ៉ាប់រងកម្ពុជាបានឱ្យដឹងថា កត្តានេះបានធ្វើឱ្យវិស័យធានារ៉ាប់រងមានកំណើនគួរឱ្យកត់សម្គាល់ដោយបុព្វលាភដុលសរុបកើនឡើងជាមធ្យម ៣៥ភាគរយ ជារៀងរាល់ឆ្នាំក្នុងរយៈពេលកន្លះទសវត្សរ៍កន្លងមកនេះ។
«ការប៉ាន់ស្មានគោលនៃអត្រាកំណើនឧស្សាហកម្មធានារ៉ាប់រងអាយុជីវិត គួរតែមានយ៉ាងហោចណាស់ ២ដង នៃអត្រាកំណើនផលិតផលក្នុងស្រុកសរុបនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
បច្ចុប្បន្នប្រទេសកម្ពុជាគឺជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ខណៈប្រជាជនដែលមានកម្រិតជីវភាពមធ្យមកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានជួយលើកកម្ពស់ស្តង់ដា និងគុណភាពនៃការរស់នៅរបស់ពួកគេ»។
«នៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាឧបករណ៍ដ៏មានឥទ្ធិពល។ យើងព្យាយាមពង្រីកសេវាកម្មរបស់យើងឱ្យបានទៅដល់ប្រជាជនកម្ពុជាវ័យក្មេងជំនាន់ ក្រោយតាមរយៈហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងទៀត។ ជាផ្នែកមួយនៃយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលរបស់យើង យើងក៏បានដាក់ចេញនូវប្រព័ន្ធ “U Smile System” ដែលជាវេទិកាឌីជីថលដ៏ពិសេសរបស់យើង ដើម្បីជួយកាត់បន្ថយពេលវេលាសម្រាប់ការចេញគោលនយោបាយដើម្បីឱ្យស្របតាមនិន្នាការទីផ្សារ»។ ដោយដឹងថានឹងមានការរំខានដល់សេដ្ឋកិច្ចជាថ្មីម្តងទៀតនៅក្នុងឆ្នាំនេះ ក្រុមហ៊ុនបានអះអាងថា ខ្លួនបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាទិសដៅនៃផែនការអាជីវកម្មបច្ចុប្បន្នក្នុងរយៈពេលមធ្យម ទោះបីជាមានបញ្ហាប្រឈមដោយសារជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។
ដើម្បីកាត់បន្ថយបញ្ហាប្រឈមទាំងនេះ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានកំណត់ទិសដៅទីផ្សារចំពោះប្រជាជនមានកម្រិតជីវភាពមធ្យមដែលកំពុងកើនឡើងសម្រាប់ផលិតផល សន្សំ និងការអប់រំក៏ដូចជាអតិថិជនរបស់ធនាគារ និងមីក្រូហិរញ្ញវត្ថុជាមួយនឹងប្រាក់កម្ចីការការពារដោយប្រើប្រាស់ផលិតផល “Credit Life” របស់ក្រុមហ៊ុន។ ខណៈពេលដែលក្រុមហ៊ុនប្រារព្ធខួបដ៏សំខាន់របស់ខ្លួននៅក្នុងឆ្នាំនេះ ក្រុមហ៊ុនមានគម្រោងរៀបចំព្រឹត្តិការណ៍ពិសេសមួយ ដើម្បីអបអរដល់ឱកាសនេះ និងចែករំលែកភាពជោគជ័យរបស់ខ្លួនជាមួយអតិថិជនរបស់ខ្លួន។ «សុវណ្ណាភូមិ ឡាយហ្វ៍ បានប្រារព្ធខួប ៥ឆ្នាំរបស់ខ្លួននៅថ្ងៃទី១ ខែមេសា យើងសូមថ្លែងអំណរគុណដល់អតិថិជនរបស់យើងដែលបានគាំទ្រយើងអស់រយៈពេល ៥ឆ្នាំ កន្លងមកនេះក្នុងនោះក៏មានការប្រកួតប្រជែង ''Sovannaphum Life 5th Anniversary Contest'' ដែលមានរង្វាន់ជាទឹកប្រាក់សរុប ១២៥ លានរៀល»។ លោកបន្ថែមថា៖ «យើងនឹងធ្វើការចាប់រង្វាន់នូវទឹកប្រាក់ ៥ លានរៀលចំនួន ៥រង្វាន់ ក្នុង ១ខែ ទៅក្នុងគណនីសន្សំនៅក្នុងធនាគារ ឬដៃគូស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ការប្រកួតប្រជែងនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមេសា និងបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា ដែលមានរយៈពេល ៥ខែ»។ លើសពីនេះទៀតខួប ៥ឆ្នាំ នេះក៏នឹងរួមបញ្ចូលយុទ្ធនាការ ៣៦០ដឺក្រេ ដែលគ្របដណ្តប់លើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រព័ន្ធផ្សព្វផ្សាយខាងក្រៅ ពហុព័ត៌មាន កាសែតបោះពុម្ព និងសារព័ត៌មានឌីជីថល រួមនឹងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត។
លោក Loke Kah Meng បានបន្តថា៖ «ក្នុងនាមជាអាជីវកម្មដែលផ្តោតសំខាន់លើប្រជាជន ក្រុមហ៊ុនជឿជាក់លើការស្តាប់អតិថិជនរបស់ខ្លួន។ សុវណ្ណាភូមិ ឡាយហ្វ៍ សង្ឃឹមថានឹងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមទៀតដើម្បីផ្តល់នូវសន្តិភាពផ្លូវចិត្ត និងការពារហិរញ្ញវត្ថុគ្រួសារនៅទូទាំងប្រទេស ដោយបង្កើតឡើងវិញជាមួយនឹងពាក្យស្លោក «នៅទីនេះដើម្បីអ្នកនៅទីនេះដើម្បីកម្ពុជា»៕