ព្រឹតិ្តការណ៍ទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រ ក្រោមប្រធានបទ «ស្ត្រីនៃជ័យជម្នះ» ប្រព្រឹត្តិឡើងដើម្បីអបអរទិវាសិទ្ធិ នារីអន្តរជាតិ ៨មីនា ២០២៤ បានបញ្ចប់ដោយជោគជ័យ និងរំភើបរីករាយយ៉ាងក្រៃលែង

ដោយមានកីឡាករ កីឡាការិនីចូលរួម ប្រមាណជាង ៣០០០ នាក់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅសួនច្បារខាងមុខវត្តបទុមវត្តី រាជធានីភ្នំពេញ ក្រោមការ រៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ព្រមទាំងលោកជំទាវ កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការស្ត្រី និងកីឡា។

អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា និងលោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។

ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការរៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រ ក្នុងគោលបំណងអបអរទិវា សិទ្ធិនារីអន្តរជាតិ ៨មីនា ដែលជាថ្ងៃរម្លឹកខួប ១១៣ឆ្នាំ។ លោកបានបន្ថែមទៀតថា នៅក្នុងឆ្នាំនេះគឺពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយឃើញថា មានអ្នកចូលរួម រត់ប្រមាណជាង ៣០០០ នាក់ ព្រមទាំងកីឡាករកីឡាការិនីទាំងអស់នឹងទទួលបានមេដាយអនុស្សវរីយ៍គ្រប់ៗគ្នាផងដែរ។

ទន្ទឹមនឹងការបញ្ចប់ដោយជោគជ័យ លោកក៏បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤នេះសម្រាប់អ្នករត់ចម្ងាយ ១០គីឡូម៉ែត្រ គឺទទួលបាននូវបទពិសោធន៍ថ្មីមួយដែលមិនអាចបំភ្លេចបាន គឺការរត់កាត់ទីក្រុងកោះពេជ្រ និងស្ពានកោះនរាដែលទើបតែ សម្ពោធឱ្យប្រើប្រាស់ថ្មីៗនេះ។

លោកជំទាវ កុយ ពិសី គូសបញ្ជាក់ថា ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០គីឡូម៉ែត្រនេះ គឺពិតជាមានការចូលរួមយ៉ាងច្រើនកុះករ ពីបុរស និងនារី ព្រមទាំងកុមារ ដោយនេះបញ្ជាក់ឃើញថា បងប្អូនប្រជាពលរដ្ឋយើងមិនថាចាស់ ឬក្មេងចាប់ផ្តើមផ្តោតលើ វិស័យកីឡាច្រើនជាងមុន ដែលទាំងអស់នេះបញ្ជាក់ពីសង្គមជាតិមួយត្រូវមាននូវសុខភាពល្អ និងការរួមសាមគ្គីគ្នារវាងបុរស និងស្ត្រី ដើម្បីលើកស្ទួយសង្គមជាតិយើងឱ្យកាន់តែរីកចម្រើន។

លោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា យើង មានមោទកភាពយ៉ាងក្រៃលែងក្នុងការសហការណ៍ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ។ លោកបានបន្ថែមថា យើងបានឃើញក្រុមគ្រួសារជាច្រើនបានចុះឈ្មោះ សម្រាប់ការរត់លក្ខណសប្បាយៗ និងចំណាយពេលវេលាដ៏មានតម្លៃជាមួយកូនៗរបស់ពួកគេ។

ព្រមទាំងមាន ក្រុមហ៊ុនមួយចំនួនបាន ចុះឈ្មោះឱ្យបុគ្គលិករបស់ពួកគេចូលរួមក្នុងព្រឹត្តិការណ៍ និងគាំទ្រដល់កម្មវិធីសប្បុរសធម៌ផងដែរ។

លោកបានបន្ថែមទៀតថា សុវណ្ណាភូមិ ឡាយហ្វ៍ នឹងផ្តល់ជូនផលិតផល SMILE ដំណោះស្រាយជីវិតដល់កីឡាការិនីដែល ទទួលបានជយលាភីទាំង ៦រូប ដោយឥតគិតថ្លៃ ព្រមទាំងចូលរួមវិភាគទានចំនួនបួនពាន់រៀល សម្រាប់ការចុះឈ្មោះ ចូលរួមរត់មួយនាក់ ដើម្បីផ្តល់មូលនិធិដល់សកម្មភាពសង្គមរបស់ខ្លួនតាមរយៈអង្គការ «សមាគមសហគ្រិនស្រ្តីកម្ពុជា»។

សុវណ្ណាភូមិ ឡាយហ្វ៍ នឹងសហការជាមួយអង្គការ «សមាគមសហគ្រិនស្រ្តីកម្ពុជា» លើវិធីសាស្រ្តមួយប្រកបដោយនិរន្តរភាព ដល់សកម្មភាពសង្គមរបស់ខ្លួនដោយប្រើប្រាស់មូលនិធិដែលទទួលបានពីទិវារត់ប្រណាំងស្ត្រី។

មួយភាគធំនៃមូលនិធិនេះនឹង ត្រូវផ្តល់ជូនដល់សមាគមសហគ្រិនស្រ្តីកម្ពុជាក្នុងគោលដៅគាំទ្រកម្មវិធីបណ្តុះបណ្តាលផ្សេងៗដូចជា ភាពជាអ្នកដឹកនាំរបស់ សហគ្រិន ការរៀបចំផែនការហិរញ្ញវត្ថុ ឬការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីផ្សេងៗទៀត ដែលស្របនឹងគោលដៅរបស់ក្រុមហ៊ុន។

បន្ថែមលើសពីនេះ យើងក៏មានគ្រូបណ្តុះបណ្តាលពិសេស ដើម្បីគាំទ្រក្នុងការបណ្តុះបណ្តាលអំពីវិស័យហិរញ្ញវត្ថុផងដែរ។ គោលបំណងនៃយុទ្ធនាការនេះគឺដើម្បីចូលរួម និងគាំទ្រដល់សហគ្រិនស្ត្រីវ័យក្មេង ព្រោះវានឹងជួយពង្រីកអាជីវកម្មខ្នាតតូច របស់ពួកគេ ព្រមទាំងលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនិងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយស្ថាប័ន International Business Magazineដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕